ស្ត្រីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង


ជំងឺផ្លូវចិត្តអាចប៉ះពាល់ចំពោះទាំងស្រ្តី និងបុរស ប៉ុន្តែជំងឺមួយចំនួនកើតមានឡើងជាទូទៅលើស្រ្តីច្រើនជាង ហើយស្តែងចេញនូវសញ្ញាផ្សេងៗពីគ្នា។ អ្នកវិទ្យាសាស្រ្ត កំពុងសិក្សាអំពីមូលហេតុនានា និងការជជែកវែកញ៉ែកអំពីកត្តាដែលបង្ករវាង កត្តាជីវសាស្រ្ត និងកត្តាចិត្តសាស្រ្ត ដែលបណ្តាលឲ្យកើតមានឡើងនូវជំងឺផ្លូវចិត្ត និងសុខភាពផ្លូវចិត្តក្នុងចំណោមស្រ្តី បុរសទាំងឡាយ ជាពិសេសការព្យាបាលជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល សម្រាប់មនុស្សស្រី។
 
អង្គការសុខភាពពិភពលោកបានបង្ហាញថា ស្ត្រីមានឱកាសប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសដល់ទៅពីរដង ដែលបញ្ហាទាំងនោះអាចជាជំងឺបាក់ទឹកចិត្ត បញ្ហាទម្លាប់ក្នុងការទទួលទាន និងបញ្ហានៃការឈឺចាប់។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីមានទំនោរចង់សម្លាប់ខ្លួនជាងមនុស្សប្រុសដល់ទៅ២ ឬ៣ដង។ រោគសញ្ញា អាចនឹងមានការខុសគ្នារវាងមនុស្សប្រុស និងស្រី ដូចនេះ វាជារឿងសំខាន់ក្នុងការស្វែងយល់ពីកត្តាផ្សេងគ្នា ដែលបណ្តាលឲ្យមានជំងឺនីមួយៗ។ ខាងក្រោមនេះ ហេលស៍ថាម សូមលើកយកនូវវិបត្តិនៃការបាក់ទឹកចិត្តលើស្រ្តីជូនមិត្តអ្នកអាន…..
 
រោគសញ្ញានៃជំងឺបាក់ទឹកចិត្តមានដូចជា៖
• អារម្មណ៍បាក់ទឹកចិត្ត
• ធ្លាក់ចុះនូវការចាប់អារម្មណ៍លើការរីករាយជាមួយសកម្មភាពផ្សេងៗ
• អារម្មណ៍ខុសឆ្គង
• អស់សង្ឃឹមនិងយល់ថាគ្មានតម្លៃ
• គំនិតចង់សម្លាប់ខ្លួន
• វិបត្តិក្នុងការគេង
• ផ្លាស់ប្តូរទម្លាប់ក្នុងការទទួលទានអាហារ
• ពិបាកក្នុងការផ្ចង់អារម្មណ៍
• ខ្សត់ថាមពល និងនឿយហត់។
 
មូលហេតុនៃវិបត្តិបាក់ទឹកចិត្តរបស់ស្រ្តី៖

១. មូលហេតុជីវសាស្រ្ត និងអ័រម៉ូន
o បញ្ហាមុនពេលមករដូវ
o ការមានផ្ទៃពោះ និងអសមត្ថភាពក្នុងការមានផ្ទៃពោះ
o ការបាក់ទឹកចិត្តក្រោយសម្រាល
o រៀបនឹង និងក្រោយពេលអស់រដូវ
o បញ្ហាសុខភាពផ្សេងៗ។

២.​​ មូលហេតុផ្លូវចិត្ត
o ការមានអារម្មណ៍អវិជ្ជមានជាប្រចាំ
o ការទទួលរងសម្ពាធខ្លាំងក្នុងការងារ សាលា ឬផ្ទះ
o ការមានរូបរាងដងខ្លួនមិនស្អាត។

ប្រសិនបើអ្នក ឬអ្នកនៅជិតអ្នក មានបញ្ហាទាំងនេះ សូមកុំរង់ចាំយូរអី ត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។ ការដែលអ្នកយល់ថាវាមិនមែនជា ពេលវេលាត្រឹមត្រូវក្នុងការស្វែងរកការព្យាបាល ឬមានអារម្មណ៍ថាអៀនខ្មាស់ ឬខ្លាច វាអាចជារឿងមិនត្រឹមត្រូវ ព្រោះថាការរកឃើញមូលហេតុកាន់តែឆាប់ នឹងជួយសង្គ្រោះអ្នកមានបញ្ហាផ្លូវចិត្តបានរហ័ស​ និងមានប្រសិទ្ធភាព។